ប្រភេទក្រុមហ៊ុនពាណិជ្ជកម្ម ក្នុងច្បាប់ខ្មែរ

យើងសូម​លើកឡើង អំពី​ប្រភេទ​នៃ​ក្រុមហ៊ុន​ពាណិជ្ជកម្ម នៅ​ក្នុង​ច្បាប់​ខ្មែរ។ តើ​សហគ្រាស​ពាណិជ្ជកម្ម អាច​បង្កើតឡើង ក្នុង​ទម្រង់ណា​ខ្លះ? ទម្រង់នី...

យើងសូម​លើកឡើង អំពី​ប្រភេទ​នៃ​ក្រុមហ៊ុន​ពាណិជ្ជកម្ម នៅ​ក្នុង​ច្បាប់​ខ្មែរ។ តើ​សហគ្រាស​ពាណិជ្ជកម្ម អាច​បង្កើតឡើង ក្នុង​ទម្រង់ណា​ខ្លះ? ទម្រង់នីមួយៗ​មាន​លក្ខណៈ​ខុសគ្នា​ត្រង់ណាខ្លះ ហើយ​​មាន​គុណសម្បត្តិ និង​គុណវិបត្តិ​អ្វីខ្លះ?



តាមច្បាប់ ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម ឆ្នាំ​២០០៥ ទម្រង់​ក្រុមហ៊ុន ត្រូវ​បែង​​ចែក​ជា​សាខា​ធំៗ ពីរ៖

១-ក្រុមហ៊ុន​សហកម្មសិទ្ធិ

​​ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅ
​ក្រុមហ៊ុន​សហកម្មសិទ្ធិ​​មាន​កម្រិត

២-ក្រុមហ៊ុន​មូលធន

ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ​មាន​កម្រិត
​ក្រុមហ៊ុន​មហាជន​ទទួលខុសត្រូវ​មាន​កម្រិត
ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅ

ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅ ត្រូវមាន​ម្ចាស់ភាគហ៊ុន​ចាប់ពី ២នាក់ឡើងទៅ។ ប្រសិនបើ​មាន​ម្ចាស់ហ៊ុន​​តែម្នាក់ គឺ​ត្រូវ​បង្កើតជា​សហគ្រាស​ឯកបុគ្គល។

កិច្ចសន្យា​បង្កើត​ក្រុមហ៊ុន​សហកម្មសិទ្ធិ​ទូទៅ អាច​ធ្វើឡើង​ជាលាយលក្ខណ៍អក្សរ​ក៏បាន ឬ​ក៏​ធ្វើត្រឹមតែ​​​ផ្ទាល់​មាត់ក៏បាន។

ដើមទុន​ដែល​យក​មក​ដាក់​រកស៊ី​ជាមួយគ្នា ក្នុង​ប្រភេទ​ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅនេះ គឺ​អាច​សាច់លុយ​ក៏បាន ជាទ្រព្យសម្បត្តិ​ក៏​បាន ឬ​ក៏​ជា​ចំណេះ​ដឹង​ក៏បាន។ ​រយៈពេល​នៃ​កិច្ចសន្យា​បង្កើត​ក្រុមហ៊ុន​នេះ អាច​ធ្វើ​ឡើង​ដោយ​មាន​រយៈពេល​កំណត់​ក៏បាន ដោយ​រយៈពេល​មិន​កំណត់​ក៏បាន។

ចំពោះ​ការទទួលខុសត្រូវ​លើ​បំណុលវិញ គឺ​ជាការទទួលខុសត្រូវ​ដោយ​គ្មាន​កម្រិត មានន័យថា នៅក្នុងករណី ដែល​ក្រុមហ៊ុន​​ជំពាក់​បំណុលគេ ហើយ​ក្រុមហ៊ុន​មិនមាន​លុយ​គ្រប់គ្រាន់ ដើម្បី​សងបំណុល​នេះ​​ទេ ម្ចាស់ភាគហ៊ុន ត្រូវ​ចេញលុយ​ពី​ហោប៉ៅខ្លួនឯង ដើម្បី​សងបំណុល​នេះ។ ម្ចាស់ភាគហ៊ុន​ម្នាក់ៗ ត្រូវ​រ៉ាប់រង​បំណុល ទៅតាម​សមាមាត្រ​នៃ​ចំណែកហ៊ុន ដែល​ខ្លួនមាន នៅ​ក្នុង​ក្រុមហ៊ុន។

ក៏ប៉ុន្តែ មាន​ចំណុច​សំខាន់មួយ ដែល​ត្រូវ​ចាប់អារម្មណ៍ គឺ​នៅត្រង់ថា ទោះបី​ជា​ម្ចាស់ភាគហ៊ុន​ម្នាក់ៗ ទទួលខុសត្រូវ​លើ​បំណុល​ទៅតាម​ចំណែក​ហ៊ុន​របស់ខ្លួន​ក៏ដោយ ក៏ប៉ុន្តែ ក្នុងករណី​​​មាន​វិវាទ​រឿង​មិន​សងបំណុល ម្ចាស់បំណុល​​​អាច​ប្តឹង​ទាមទារ​បំណុល​​ទាំងអស់​ពី​​ម្ចាស់ហ៊ុន​ណាមួយ​តែម្នាក់ ដោយ​មិន​ចាំបាច់​ប្តឹង​​ទាមទារ​ចំណែក​ពី​ម្ចាស់ហ៊ុន​ម្នាក់ៗ​ដាច់ពីគ្នា​ទេ។ ក្នុងករណីនេះ ម្ចាស់ហ៊ុន​ណា ដែល​ត្រូវ​ម្ចាស់បំណុល​ប្តឹង គឺ​​ត្រូវតែ​សងបំណុល​​ទាំងអស់​តាម​បណ្តឹង គឺ​សង​ទាំង​ចំណែក​បំណុល​ខ្លួនឯង និង​​ចំណែកបំណុល​របស់​​ម្ចាស់ហ៊ុន​ផ្សេងទៀត រួចហើយ​​គាត់​អាច​ទៅទាម​ទារ​គិតគូរ ទូទាត់​ជាមួយ​​ម្ចាស់ហ៊ុន​ផ្សេង​ទៀត។

ជាទូទៅ ក្រុមហ៊ុន​សហកម្មសិទ្ធិ គេច្រើន​បង្កើតឡើង នៅ​ក្នុង​អាជីវកម្ម​ជា​លក្ខណៈ​វិជ្ជាជីវៈ ដូចជា បង្កើត​គ្លីនិក​ពេទ្យ ការិយាល័យ​មេធាវី គណនេយ្យករ ស្ថាបត្យករ ​ឬ​ក៏​កុងស៊ុលតង់ ជាដើម។ វាមាន​លក្ខណៈ​ងាយស្រួល​នៅត្រង់ថា ប្រភេទ​ក្រុមហ៊ុន​សហកម្មសិទ្ធិនេះ អាច​ចាប់ផ្តើម​ដំណើរការ​បាន​ដោយ​មិន​ទាមទារ​​​ដើមទុន​ច្រើន។ មាន​គ្នា​តែ​​ពីរបីនាក់ មាន​កម្លាំង មាន​ពេលវេលា មាន​ជំនាញ មាន​ដើមទុន​ម្នាក់បន្តិចៗ ​ល្មម​អាច​ចូលគ្នា ដើម្បី​ទិញ ឬ​ជួល​ទីតាំង និង​សម្ភារៈ​សំខាន់ៗ​ចាំបាច់ គឺ​អាច​​ចាប់ផ្តើម​ដំណើរការ​​បង្កើត​ជា​ក្រុមហ៊ុន​សហកម្មសិទ្ធិ ដើម្បី​ប្រកប​អាជីវកម្ម​បាន ហើយ​ក៏​​មិនតម្រូវ​ឲ្យ​មាន​ឯកសារ​ច្បាប់​អ្វី​ស្មុគស្មាញ​ច្រើន​ដែរ។

ក៏ប៉ុន្តែ គុណវិបត្តិ​ធំបំផុត គឺ​នៅត្រង់ថា សមាជិក​ក្រុមហ៊ុន​​ត្រូវ​ទទួល​ខុសត្រូវ​លើ​បំណុល​ ដោយ​គ្មាន​កម្រិត។ បើ​សិន​ជា​ក្រុមហ៊ុន​រកស៊ី​ខាតបង់ ជំពាក់​បំណុល​គេ​ច្រើន ក្រុមហ៊ុន​មិន​មាន​លទ្ធភាព​សង ម្ចាស់​ភាគហ៊ុន​ត្រូវ​ចេញ​លុយ​ពី​ហោប៉ៅខ្លួនឯង ឬ​ត្រូវ​លក់​ទ្រព្យ​ខ្លួនឯង ដើម្បី​សងបំណុលគេ។ ម្យ៉ាងទៀត ការ​បង្កើត​ក្រុមហ៊ុន​ប្រភេទនេះ អ្នក​ដែល​ចូលហ៊ុន ចាំបាច់​ត្រូវតែ​មាន​ជំនឿ​ទុកចិត្ត​គ្នា​ខ្លាំង ពីព្រោះ ក្នុងករណី​មាន​បញ្ហា​ជាប់បំណុល បើ​សិន​ជា​មាន​ម្ចាស់ភាគហ៊ុន​ណាមួយ​មិន​ព្រមសង ម្ចាស់ភាគហ៊ុន​មួយទៀត​មាន​កាតព្វកិច្ច​សងបំណុល​ជំនួស។

ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត

ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត ក៏​ត្រូវមាន​ម្ចាស់ហ៊ុន​ចាប់ពី ២នាក់​ឡើងដែរ ហើយ​មាន​ម្ចាស់ហ៊ុន​ពីរប្រភេទ គឺ​ មួយ​ ជា​ម្ចាស់ហ៊ុន ដែល​តាមច្បាប់​ហៅថា “​សហកម្មសិទ្ធិករ​ទូទៅ” និង​​មួយទៀត គឺជា “សហកម្មសិទ្ធិករ​មាន​កម្រិត”។

សហកម្មសិទ្ធិករ​ទូទៅ គឺ​ជា​អ្នក​ដាក់ទុន​ចូល​ក្នុងក្រុមហ៊ុនផង និង​ជា​អ្នក​មាន​សិទ្ធិ​ចាត់ចែង និង​គ្រប់គ្រង​ក្រុមហ៊ុន​ផង ប៉ុន្តែ ត្រូវមាន​ការ​ទទួលខុសត្រូវ​ទៅលើ​បំណុល​របស់​ក្រុមហ៊ុន ដោយ​គ្មាន​កម្រិត (គឺ​ដូច​ជា​ករណី​ម្ចាស់ហ៊ុន​ ក្នុង​ក្រុមហ៊ុន​សហកម្មសិទ្ធិ​ទូទៅដែរ)។
សហកម្មសិទ្ធិករ​មាន​កម្រិត ដាក់តែ​ទុនចូល​ទៅក្នុង​ក្រុមហ៊ុន​ប៉ុណ្ណោះ ដោយ​មិនមាន​សិទ្ធិ​ចាត់ចែង​កិច្ចការ​ក្រុមហ៊ុន​ទេ ប៉ុន្តែ ការទទួលខុសត្រូវ​លើបំណុល​ គឺ​មាន​កម្រិត​ត្រឹមតែ​ដើមទុន ដែល​បាន​​ដាក់ចូល​ក្នុង​ក្រុមហ៊ុន​ប៉ុណ្ណោះ។ ក្នុងករណី​ក្រុមហ៊ុន​មិន​មាន​លុយ​សងបំណុលគេ ម្ចាស់ហ៊ុន ដែល​ជា​សហកម្មសិទ្ធិករ​មាន​កម្រិត មិន​មាន​កាតព្វកិច្ច​ចេញលុយ​ពី​ហោប៉ៅខ្លួនឯង ឬ​ក៏​លក់​ទ្រព្យ​ខ្លួនឯង ដើម្បី​សងបំណុលគេ ដូចជា សហកម្មសិទ្ធិករ​ទូទៅ​ទេ។ ម្យ៉ាងទៀត ​ដើមទុន​ដែល​សហកម្មសិទ្ធិករ​មាន​កម្រិត​​អាច​ដាក់​ចូល​ក្នុង​ក្រុមហ៊ុន​បាន គឺ​អាច​ត្រឹមតែ​ជា​លុយ ឬទ្រព្យសម្បត្តិ​ប៉ុណ្ណោះ មិនអាច​ដាក់​ដើមទុន​ជា​ចំណេះដឹង ដូច​សហកម្មសិទ្ធិករ​ទូទៅទេ។
និយាយ​ជារួម ក្រុមហ៊ុន​សហកម្មសិទ្ធិមាន​កម្រិត គឺ​មាន​លក្ខណៈ​ស្រដៀងគ្នា​នឹង​ក្រុមហ៊ុន​សហកម្មសិទ្ធិ​ទូទៅ​ដែរ គ្រាន់តែ​អនុញ្ញាត​ឲ្យ​មាន​អ្នក​ដាក់ទុន​ចូលរកស៊ី ក្នុង​ឋានៈ​ជា ​សហកម្មសិទ្ធិករ​មាន​កម្រិត។

ប៉ុន្តែ កិច្ចសន្យា​ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត​អាច​មាន​រយៈពេល​កំណត់​យ៉ាងយូរ​បំផុត​​ត្រឹមតែ ៩៩​ឆ្នាំ​ប៉ុណ្ណោះ គ្រាន់តែ​ថា រយៈពេល​នេះ​អាចពន្យារពេលបន្ត​​ជាថាថ្មី​បាន នៅ​ពេល​ផុត ៩៩ឆ្នាំ។

ទម្រង់​ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត​​នេះ គឺ​វាអាច​ឲ្យ​​មនុស្សម្នាក់ ឬ​មួយ​មួយក្រុម ​ដែល​មាន​ចំណេះដឹង មាន​ជំនាញ ប៉ុន្តែ មិនមាន​ដើមទុន​គ្រប់គ្រាន់ អាច​ទៅសហការគ្នា​ជាមួយ​មនុស្ស​ម្នាក់ ឬ​មួយក្រុមទៀត ដែល​មិនមាន​ជំនាញ ប៉ុន្តែ មាន​​ដើមទុន ដើម្បី​​បង្កើត​ក្រុមហ៊ុន ប្រកប​អាជីវកម្ម​រួមគ្នា។​ ឬមួយ​ក៏​​​ក្នុងករណី ដែល​បាន​បង្កើត​ជា​​ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅ​រួចហើយ ឃើញថា ការរកស៊ី​ក៏​បាន​កាក់កប អាជីវកម្ម​មាន​សក្តានុពល ហើយ​ចង់​ពង្រីក​​អាជីវកម្ម​នេះ​ថែមទៀត ប៉ុន្តែ ខ្វះទុន សមាជិក​ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅនេះ​អាច​​ទៅស្វះស្វែងរក​អ្នក​មាន​ទុន​ឲ្យ​មក​ចូលរួម​​សហការ​គ្នា ហើយ​ប្តូរ​ទម្រង់​ក្រុមហ៊ុន ​បង្កើត​ទៅជា​ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត​បាន។

ចំពោះ​ម្ចាស់ហ៊ុ​ន ដែល​ជា​សហកម្មសិទ្ធិករ​មាន​កម្រិត​ ផលប្រយោជន៍ គឺ​នៅត្រង់ថា នៅពេល​ដែល​មើល​ទៅ​ឃើញ​ថា អាជីវកម្ម​មួយ​​មាន​សក្តានុពល ក្នុងការ​រក​ប្រាក់ចំណេញ គាត់​អាច​ចូលរួម​ជា​ដើមទុន ដោយ​មិន​ចាំបាច់​មាន​ជំនាញ ហើយ​ការ​ទទួលខុសត្រូវ​របស់​គាត់ គឺ​កម្រិត​ត្រឹមតែ​ដើមទុន​ដែល​គាត់​ចូលរួម ដោយ​មិនប៉ះពាល់​ដល់ទ្រព្យ​ផ្ទាល់ខ្លួន។ ក៏ប៉ុន្តែ ផលវិបាក គឺ​នៅត្រង់ថា ម្ចាស់ហ៊ុន​ដែល​ជា​សហកម្មសិទ្ធិករ​មានកម្រិតនេះ​​មិនមាន​សិទ្ធិ​គ្រប់គ្រង និង​ចាត់ចែង​កិច្ចការ​ក្រុមហ៊ុននោះទេ គឺ​​​​ត្រូវ​ពឹង​ទៅលើ​​​​ម្ចាស់ហ៊ុន ដែល​ជា​សហកម្មសិទ្ធិករ​ទូទៅ។

ម្យ៉ាងទៀត ដើមទុន​ដែល​សហកម្មសិទ្ធិ​មាន​កម្រិត​​​ដាក់​ចូល​ទៅក្នុង​ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត​នេះ​ហើយ មិន​អាច​ដកចេញ​មកវិញ​បានទេ ប្រសិនបើ​គ្មាន​ការ​ព្រមព្រៀង​​ដោយ​សំឡេង​ភាគច្រើន​ដាច់ខាត ពី​ម្ចាស់ហ៊ុន​​ទាំងអស់។ ​ក្នុងករណី​មាន​ការ​ខាតបង់ ក្រុមហ៊ុន​ត្រូវ​ក្ស័យធន ដើមទុន​ និង​ទ្រព្យ​សម្បត្តិ​ទាំងអស់​ត្រូវ​យក​ទៅ​សងបំណុល​គេ​អស់ហើយ ម្ចាស់ហ៊ុន​ជា​សហកម្មសិទ្ធិករ​មាន​កម្រិត ក៏​មិន​អាច​ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង​ដើមទុន​របស់ខ្លួន​មកវិញ​បានដែរ។

ក្រុមហ៊ុន​មូលធន

ក្រុមហ៊ុន​មូលធន មាន​ពីរប្រភេទ គឺ​ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ​មាន​កម្រិត និង​ក្រុមហ៊ុន​មហាជន​ទទួលខុសត្រូវ​មាន​កម្រិត។ ក្រុមហ៊ុន​ទាំង​ពីរប្រភេទ​នេះ​មាន​លក្ខណៈ​ស្រដៀងគ្នា​ច្រើន។ ចំណុច​ខុសគ្នាធំៗ គឺ​នៅត្រង់ថា ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ​មាន​កម្រិត​អាច​មាន​ម្ចាស់ហ៊ុន​យ៉ាងច្រើន​បំផុត​ត្រឹម ៣០នាក់ ចំណែក​​ក្រុមហ៊ុន​មហាជន​ទទួលខុសត្រូវ​មាន​កម្រិត​វិញ​​​ មិនមាន​ការ​កំណត់​ចំនួន​ម្ចាស់ហ៊ុន​អតិបរមា​នោះទេ។

គួរបញ្ជាក់ថា បុគ្គល​តែម្នាក់​ក៏​អាច​បង្កើត​ជា​ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវមាន​កម្រិត​ បានដែរ ប៉ុន្តែ ត្រូវមាន​ឈ្មោះថា “សហគ្រាស​ឯកបុគ្គល​ទទួលខុសត្រូវ​មាន​កម្រិត”។

ចំណុចខុសគ្នា​សំខាន់មួយទៀត រវាង​ក្រុមហ៊ុន​ឯកជន និង​ក្រុមហ៊ុន​មហាជន គឺ​នៅត្រង់ថា ក្រុមហ៊ុន​មហាជន​ទទួលខុសត្រូវ​មាន​កម្រិត​​អាច​បោះមូលបត្រ​លក់​​ជាសាធារណៈ​បាន ចំណែក​ក្រុមហ៊ុន​​ឯកជន​ទទួលខុសត្រូវ​មាន​កម្រិតវិញ ​មិនអាច​ធ្វើ​បានទេ។

បើនិយាយ​ពី​លក្ខណៈ​រួមវិញ ក្រុមហ៊ុន​មូលធន (ទោះជា​ក្រុមហ៊ុន​ឯកជន​ក៏ដោយ ឬ​ជា​ក្រុមហ៊ុន​មហាជនក៏ដោយ) ដើម្បី​អាច​បង្កើត​ឡើង​បាន ត្រូវតែ​មាន​មូលធន​យ៉ាងតិច​បំផុត ៤លាន​រៀល (ប្រហែល​ជា ១ពាន់​ដុល្លារ​អាមេរិក)។

ក្រុមហ៊ុន​មូលធន​អាច​ដំណើរការ​បាន​ជានិរន្តរ៍ ​ដោយ​គ្មាន​ពេល​កំណត់ បើទោះបីជា​មាន​ម្ចាស់ហ៊ុន​ណា​​​ស្លាប់ ចូលនិវត្តន៍ ឬ​ដក​ខ្លួនចេញ​ក៏ដោយ លើកលែង​តែ​ត្រូវ​រំលាយ​​ក្នុង​ករណី​ក្ស័យធន ឬ​ក្នុង​ករណី​ផ្សេងទៀត ដែលមាន​ចែង​ក្នុង​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម។

ការទទួលខុសត្រូវ​របស់​ម្ចាស់ហ៊ុន​នីមួយៗ ត្រូវកម្រិត​ត្រឹម​​ចំណែក​ដើមទុន ដែល​បាន​​ចូលហ៊ុន។ ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន ត្រូវ​ចែកដាច់​ពី​ទ្រព្យ​សម្បត្តិ​បុគ្គល​របស់​ម្ចាស់ហ៊ុន។

ក្រុមហ៊ុន​មូលធន​ជា​ប្រភេទ​ក្រុមហ៊ុន ដែល​អាច​ផ្តល់​ភាពងាយស្រួល​ក្នុងការ​បង្កើត អាជីវកម្ម​ក្នុង​​ទ្រង់ទ្រាយធំ ហើយ​ងាយស្រួល​ក្នុងការ​ស្វែងរក​ទុនបន្ថែម ដើម្បី​ពង្រីក​អាជីវកម្ម។ ការបោះទុនវិនិយោគ ក្នុង​ក្រុមហ៊ុន​មូលធន និង​ការ​ដកទុនចេញមកវិញ ក៏​មានលក្ខណៈ​ងាយស្រួល​ជាង​ក្រុមហ៊ុន​សហកម្មសិទ្ធិ។ ការទទួលខុសត្រូវ​​របស់​ម្ចាស់ហ៊ុន​មាន​កម្រិត​ត្រឹម​ដើមទុន ដែល​វិនិយោគ ហើយ​​ទ្រព្យ និង​បំណុល​របស់​ក្រុមហ៊ុន ត្រូវបែងចែកគ្នា​ដាច់ស្រឡះ ពី​ទ្រព្យ និង​បំណុល​របស់​បុគ្គល​ជា​ម្ចាស់ហ៊ុន។

ផលវិបាកវិញ គឺ​នៅត្រង់ថា ការ​បង្កើត​ក្រុមហ៊ុន​មូលធន ត្រូវមាន​ដើមទុន​យ៉ាងតិច ៤លាន​រៀល​ទើប​អាច​បង្កើតបាន ហើយ​មាន​សំណុំឯកសារ​ច្បាប់​ច្រើន ដែល​ត្រូវ​បំពេញ ដោយសារ​តែ​​នៅពេល​បង្កើត​ ច្បាប់​តម្រូវ​ឲ្យ​​មាន​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមហ៊ុន ព្រមទាំង​ត្រូវ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង និង​នីតិវិធី​ក្នុងការ​ចេញ​សេចក្តីសម្រេច​ច្បាស់លាស់។ ការរៀបចំ​​សំណុំឯកសារច្បាប់​ទាំងនេះ​ ​ពេលខ្លះ​ចាំបាច់​ត្រូវការរក​​មេធាវី ឬ​អ្នកជំនាញ​ឲ្យ​ជួយ ដែល​ត្រូវ​ចំណាយ​ពេលវេលា និង​ចំណាយ​​លុយច្រើន ជាង​ការ​បង្កើត​ក្រុមហ៊ុន​សហកម្មសិទ្ធិ។

នៅ​ក្រោយ​ពេល​បង្កើតឡើងហើយ នៅ​ក្នុង​ដំណើរការ​ក្រុមហ៊ុន ក៏​ច្បាប់​តម្រូវ​ឲ្យ​មាន​កាតព្វកិច្ច​ច្រើន​ដែរ ដូចជា ត្រូវមាន​មហាសន្និបាត​ម្ចាស់ហ៊ុន​​ជារៀងរាល់ឆ្នាំ ហើយ​ក្នុង​មហាសន្និបាតនេះ ​ក្រុមហ៊ុន​ត្រូវ​ធ្វើ​​​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​​​ និងត្រូវ​​មាន​របាយការណ៍​សវនករ ដើម្បី​បង្ហាញ​ម្ចាស់ហ៊ុន​៕

ប្រភព

មតិ

BLOGGER
Name

គណិតវិទ្យា ចំណេះដឹង ជំនួញ ទារក បឋមសិក្សា ផែនការអាជីវកម្ម ព័ត៌មាន ភាសាខ្មែរ ម្ហូបអាហារ សុខភាព សៀវភៅ សេដ្ឋកិច្ច
false
ltr
item
TaroDemy: ប្រភេទក្រុមហ៊ុនពាណិជ្ជកម្ម ក្នុងច្បាប់ខ្មែរ
ប្រភេទក្រុមហ៊ុនពាណិជ្ជកម្ម ក្នុងច្បាប់ខ្មែរ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh65D0GcbBP-5GPfPHIKP33dOwBY6c4MbP7Rqlt87h2iKB-nBKmF4_C2uNslnyst0_NdcXT7mG_BSDxO2KVUEnnGfdSfIkwRnDwZNEHGiHLxS1MJKKjkjEfB0BORzO6sqOfO-B2lKuhSwQ/s200/31.png
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh65D0GcbBP-5GPfPHIKP33dOwBY6c4MbP7Rqlt87h2iKB-nBKmF4_C2uNslnyst0_NdcXT7mG_BSDxO2KVUEnnGfdSfIkwRnDwZNEHGiHLxS1MJKKjkjEfB0BORzO6sqOfO-B2lKuhSwQ/s72-c/31.png
TaroDemy
https://taroacademy.blogspot.com/2015/01/blog-post_12.html
https://taroacademy.blogspot.com/
https://taroacademy.blogspot.com/
https://taroacademy.blogspot.com/2015/01/blog-post_12.html
true
5379064611316486233
UTF-8
រកមិនឃើញការផ្សាយ។ មើលទាំងអស់ អានបន្ថែម ឆ្លើយតប លះបង់ឆ្លើយតប លុប ដោយ ទំព័រដើម ទំព័រ ការផ្សាយ មើលទាំងអស់ ណែនាំសំរាប់អ្នក ស្លាក បញ្ជីសារ SEARCH ការផ្សាយទាំងអស់ រកមិនឃើញការផ្សាយណា ដែលត្រូវនឹងសំណើររបស់អ្នកឡើយ។ Back Home ថ្ងៃអាទិត្យ ថ្ងៃច័ន្ទ ថ្ងៃអង្គារ៍ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ច័ន្ទ អង្គារ៍ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្កដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ខែធ្នូ មករា កុម្ភៈ មីនា មេសា ខែឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ ទើបតែឥឡូវ ១ នាទីមុន $$1$$ minutes ago ១ ម៉ោងមុន $$1$$ hours ago ថ្ងៃម្សិលមិញ $$1$$ days ago $$1$$ weeks ago ជាង ៥ សប្តាហ៍មុន អ្នកតាមដាន តាមដាន THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy